លោក​អូ​បា​ម៉ា​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ធំ​បំផុត​នៅ​លើ​លោក

ដោយ ៖ ម៉ុក សេង

ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១០:១៥   (30-08-2016 10:15)

លោកប្រធានាធិបតីបារ៉ាក់ អូបាមានៃសហរដ្ឋអាមេរិក កាលពីពេល ថ្មីៗកន្លងមកបានចុះហត្ថលេខាលើសេចក្តីប្រកាសពង្រីកតំបន់អភិរក្សសមុទ្រនៅខាងក្រៅឆ្នេរមួយរបស់រដ្ឋហាវ៉ៃ និងលើកកម្ពស់ជាតំបន់អភិរក្សក្នុងសមុទ្រឈ្មោះ «Papahanaumokuakea» ឱ្យក្លាយជាឧទ្យានជាតិស្របតាមច្បាប់របស់អាមេរិក ។ ចាត់ទុកថានោះជាតំបន់អភិរក្សផ្នែកសមុទ្រដ៏ធំបំផុតនៅលើពិភពលោក ព្រោះវាធំជាងរដ្ឋកាលីហ្វ៊័នីញ៉ាដល់ទៅ៤ដង និងប្រហែល២ដងបើប្រៀបធៀបទៅនឹងរដ្ឋតិចសាស់ ។

សារព័ត៌មានបរទេសផ្សាយថាបរិវេណនោះមានប្រជុំផ្កាថ្មស្ថិតក្នុងសភាពពេញលេញ មានវ័យចំណាស់ជាង៤០០០ឆ្នាំ និងមានសត្វសមុទ្រជាច្រើនប្រភេទដែលកម្រជួបប្រទះនៅដែនសមុទ្រនានានៅលើលោក ។

ក្រៅពីនេះបានកំណត់ជាតំបន់អភិរក្សផ្នែកសមុទ្រនៅឆ្នាំ២០០៦ ស្របនឹងអាណត្តិរបស់ប្រធានាធិបតីចច ដាប់បលយូ ប៊ូស ហើយក្រោយមកនៅឆ្នាំ២០១០ បានចុះបញ្ជីពីអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) ជាបេតិកភណ្ឌពិភពលោក ។

ទោះបីជាយ៉ាងណាក្តីអង្គការឯករាជ្យផ្នែកបរិស្ថាន និងជាមេដឹកនាំជនអំបូរនៅលើកោះហាវ៉ៃបានរិះគន់លើគោលការណ៍របស់លោកអូបាម៉ា ក្នុងការលើកកម្ពស់ «Papahanaumokuakea»  ឱ្យក្លាយជាឧទ្យានជាតិថា មិនមែនដើម្បីបរិស្ថានទេ ប៉ុន្តែដើម្បីគោលបំណងផ្នែកនយោបាយ ដោយបង្កើតជាប្រវត្តិសាស្ត្រសម្រាប់ខ្លួននៅមុនពេលចប់អាណត្តិនាដើមឆ្នាំក្រោយ ព្រោះក្នុងឆ្នាំនេះត្រូវនឹងគម្រប់ខួប១០០ឆ្នាំនៃច្បាប់ឧទ្យានជាតិរបស់ប្រទេស ៕

Leave a Reply

Your email address will not be published. Required fields are marked *