ព្រឹត្ដិការណ៍អាយ៉ៃនិងចាប៉ីដងវែង ដែលមានចំណងជើងថា «ដំរីស្រុកយើង»

b23df9e3-fc72-4266-b889-804caeb33889

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាច នៅសារមន្ទីរជាតិ  សហគមន៍ចាប៉ីអមតៈបានសហការជាមួយសិល្បៈខ្មែរអមតៈបានរៀបចំព្រឹត្ត ការណ៍ស្នាដៃសិល្បះថ្មីអាយ៉ៃ និងចាប៉ី ដងវែងក្រោមប្រធានបទ «ដំរីស្រុកយើង» ។

តម្លៃសំបុត្រ១៦.០០០រៀល ទស្សនិកជននឹងមើលឃើញសមិទ្ធផលថ្មីនេះជាមួយនឹងបទចម្រៀងប្រពៃណី និងតន្ត្រី ។ អ្នកលេងចាប៉ីរឿង ល្បីបំផុតលោកតាគង់ ណៃ នឹងបង្ហាញពីទេពកោសល្យរបស់គាត់ជាមួយនឹងព្រឹត្តិការណ៍នេះ ហើយវាជាឱកាសល្អដែលអ្នកទស្សនា បានឃើញទេពកោសល្យសិស្សរបស់គាត់នៅលើឆាកទៀតផង។

ប្រធានសហគមន៍ចាប៉ីអមតៈ លោក ពេជ សារ៉ាត់ បានអះអាងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងអភិរក្សចាប៉ីខ្មែរ និងបង្ហាញឲ្យទស្សនិកជនពីរបៀប និងសមត្ថភាពនៃការលេងចាប៉ីដងវែងរបស់រៀមច្បងជើងចាស់ និងអ្នកជំនាន់ថ្មី និងចម្រៀងអាយ៉ៃឆ្លើយឆ្លង ។

បើតាមលោកពេជ សារ៉ាត់ ប្រធានសហគមន៍ចាប៉ីអមតៈ ក្នុងព្រឹត្តិការណ៍ក៏មានការតាំងបង្ហាញចាប៉ីបុរាណ និងចាប៉ី អេឡិចត្រូនិក សមិទ្ធផលរបស់ព្រៃឡុង និងសម្ភារបុរាណ ផ្សេងៗទៀតមួយចំនួនផងដែរសម្រាប់ទស្សនិកជន ចូល ទស្សនា អ្នកលេងចាប៉ីមានចំនួន៥រូប ក្នុងនោះក៏មានលោក ព្រឹទ្ធាចារ្យគង់ ណៃ ផងដែរ ។

ចំណងជើង «ដំរីស្រុកយើង» ដែលលើកយកមកធ្វើជាប្រធានបទ គឺចង់បង្ហាញ និងនាំសារប្រាប់ទស្សនិកជនពីគុណ សម្បត្តិរបស់សត្វដំរី និងការអភិរក្ស ដោយនៅក្នុងនោះអ្នកដេញចាប៉ី ច្រៀងលើកយកពីដំណើរជីវិតរបស់សត្វដំរី ។

បន្ទាប់ពីការបើកឆាកដំបូងនៃការច្រៀងរបស់ព្រឹទ្ធាចារ្យគង់ ណៃ អ្នកលេងចាប៉ីដទៃទៀត ចាប់លេងបន្តគ្នាស្តីពីសត្វដំរី ក្នុងនោះក៏មានអ្នកលេងចាប៉ីម្នាក់ច្រៀងជាភាសាបរទេស។

មុនព្រឹត្តការណ៍ចាប់ផ្តើមក្រុមចម្រៀងចាប៉ីទាំងអស់រួមជាមួយនឹង អ្នកលេងជនជាតិអូស្ត្រាលីម្នាក់ផងដែរ និងប្រគំរួម គ្នាជាមួយ នឹងបទនគររាជ។ បន្ទាប់ពីកម្មវិធីចប់ត្រឹមរយៈពេល១ម៉ោងកន្លះ រៀបចំវិទិកាសួរសំនួរពីបណ្តាសិក្ខាកាម និងចំណាប់អារម្មណ៍ពីបណ្តាទស្សនិកជនដែល ចូលទស្សនា ។

តាមរយៈព្រឹតិ្តការណ៍នោះ ប្រធានសហគមន៍ចាប៉ីអមតៈ រំពឹងថា ទស្សនិកជននឹងចូលរួមច្រើនកុះករ ដើម្បីជួយលើកស្ទួយ និងអភិរក្សមរតកចាប៉ីដងវែងខ្មែរដែលវាស្ទើរតែបាត់បង់ប្រជា ប្រិយភាពទៅហើយនោះឲ្យមានសភាពផុសផុលឡើងវិញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *