ស្រូវជាង៣ពាន់ហិកតារក្នុងខេត្តកំពង់ស្ពឺប្រឈមការខូចខាតដោយសារជំនន់ទឹកភ្លៀង

kampong-spoeur

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យប៉ះ ពាល់ខេត្ត កំពង់ស្ពឺ និងរាជធានីភ្នំពេញ រហូតបណ្ដាលឲ្យបាក់ទំនប់មិនបណ្ដាលឲ្យបាត់បង់អាយុជីវិតពលរដ្ឋទេ។ ទន្ទឹមគ្នានោះដែរ ស្រូវស្រែពលរដ្ឋនៅខេត្តកំពង់ស្ពឺ ជាង ៣.០០០ហិកតារប្រឈមការខូចខាត។

តាមប្រពភព័ត៌មាន នាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ  វី បានឲ្យដឹងថា  ខេត្ត កំពង់ស្ពឺ ទឹកជំនន់ប៉ះពាល់ចំនួន ៣ស្រុក គឺស្រុកគងពិសី ស្រុកសំរោងទង និងស្រុកភ្នំស្រួច ដែលបណ្ដាលឲ្យលិចស្រូវជាង ៤.៧០០ហិកតារ ហើយស្រូវប្រឈមនឹងការខូចខាតចំនួន  ៣.០១៦ហិកតារ លិចផ្ទះពលរដ្ឋ ១.៨០០ខ្នងផ្ទះ។

លោកបន្តទៀតថា ការបាក់ទំនប់ស្ទឹងព្រែកត្នោត ធ្វើឲ្យប៉ះពាល់ពលរដ្ឋចំនួន ៩សង្កាត់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលពលរដ្ឋ ប៉ះពល ជិត ៥៧០គ្រួសារ។ លោកថា អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ២៣០គ្រួសារ ឲ្យទៅរស់នៅ ទីទួល សុវត្ថិភាព។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កម្ពុជា រងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាបនៅបន្តមានឥទ្ធិពលមកលើកម្ពុជា ជាហេតុធ្វើឲ្យទឹកភ្លៀងនៅតែបន្តធ្លាក់។ ខេត្តដែលប្រឈមនឹងការ លិចលង់ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នៅតាមបណ្ដាខេត្ត ទាំង នេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ ចំណែកខេត្តកោះកុង ព្រះសីហនុ កំពត កែប និង តាកែវ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *