កូនសិស្ស និងដៃគូការងារប្ដេជ្ញាថា នៅបន្តសកម្មភាពរបស់បណ្ឌិត កែម ឡី

kemley-photo

 

បើទោះជាបណ្ឌិត កែម ឡី មិនមែនជាតួអង្គនយោបាយជើងចាស់នៅកម្ពុជា ក្តី ប៉ុន្តែមរណភាពរបស់លោក ធ្វើឲ្យមនុស្សចូល រួមសោកស្ដាយច្រើនជាងអ្នកនយោបាយជើងចាស់មួយចំនួនទៅទៀត។

ភ្លាមៗក្រោយដឹងថា អ្នកដែលត្រូវបានឃាតកបាញ់សម្លាប់នៅហាងស្ដារម៉ាត (Star Mart) កាល់តិច (Caltex) កាលពីព្រឹក ថ្ងៃទី១០ កក្កដា គឺជាបណ្ឌិត កែម ឡី នោះ ពលរដ្ឋមិនថានៅទីក្រុងភ្នំពេញ ឬនៅតាមតំបន់ជនបទស្រុកស្រែចម្ការ ឬនៅ បរទេស ឡើយ ចាប់ផ្តើមតក់ស្លុត និងបង្ហាញនូវការសោកស្ដាយអាឡោះអាល័យលោកជាពន់ពេក។

ក្នុងរយៈពេលពីរសប្ដាហ៍ដែលសពបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុកនៅវត្តចាស់ មនុស្សម្នាជាច្រើនមកសឹង ពីគ្រប់ទិស ទីក្នុងប្រទេសកម្ពុជា បានមកចូលរួមបុណ្យសព អុជធូបគោរពវិញ្ញាណក្ខន្ធ និងមើលមុខលោកជាលើកចុងក្រោយ។ ក្នុងពេល ជាមួយគ្នា អង្គទូតបរទេស តំណាងអង្គការសហប្រជាជាតិ អ្នកមុខអ្នកការ ក៏បានយកកម្រងផ្កាទៅដាក់ គោរពវិញ្ញាណក្ខន្ធ លោកជាបន្តបន្ទាប់។ ចំណែកពលរដ្ឋខ្មែរនៅក្រៅប្រទេសវិញ ក៏បាននាំគ្នាធ្វើបុណ្យសពលោក ទៅតាមប្រពៃណី នៅតាម តំបន់ពួកគេរស់នៅរៀងៗខ្លួន។

ការបាញ់សម្លាប់បណ្ឌិត កែម ឡី ធ្វើឲ្យមនុស្សចូលរួមសោកស្ដាយសឹងពីគ្រប់ស្រទាប់ទាំងអស់ តាំងពីស្ថាប័នព្រះមហាក្សត្រ អ្នកនយោបាយ ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិល្បៈ ពលរដ្ឋសាមញ្ញ និងយុវជន។ អ្នកសិល្បៈខ្លះថែមទាំងខិត ខំតែងនិពន្ធ ផលិតចម្រៀងអំពីជីវិតបណ្ឌិត កែម ឡី ទៀតផង។

ពលរដ្ឋនៅតែបន្តបង្ហោះរូបលោក និងចែកចាយនៅលើទំព័រហ្វេសប៊ុក (facebook) សម្ដែងការសោកស្ដាយ និងទាមទារ យុត្តិធម៌ជូនលោក។ លើសពីនេះ ពលរដ្ឋខ្លះទៀតរហូតទៅដល់សរសេរបណ្ដាំបណ្ឌិត កែម ឡី បិទនៅលើរថយន្តរបស់ខ្លួន ខណៈអ្នកខ្លះទៀតថែមទាំងសាក់បណ្ដាំបណ្ឌិត កែម ឡី នៅលើដៃ ឬនៅលើដងខ្លួន ដើម្បីកុំឲ្យភ្លេចទៀតផង។ នេះគេនៅមិន ទាន់រាប់ទៅដល់ពលរដ្ឋខ្លះទៀតដែលដាក់ចម្រៀងបណ្ឌិត កែម ឡី នៅក្នុងទូរស័ព្ទដើម្បីនៅពេលទូរស័ព្ទរោទ៍ឡើងម្តងៗ ពួក គេអាចស្តាប់ចម្រៀងបណ្ឌិត កែម ឡី ដែលគេអាឡោះអាល័យនោះ។ រីឯអ្នកខ្លះទៀត បានចំណាយថវិកាផ្ទាល់ខ្លួន បោះពុម្ព អាវយឺតរូបបណ្ឌិត កែម ឡី ដើម្បីពាក់បង្ហាញឲ្យសាធារណជនមើលឃើញ ឬដឹងថាពួកគេជាអ្នក កែម ឡី និយម។ លើសពី នេះ កម្រងទស្សនទានរបស់លោក ក៏ត្រូវបានគេចងក្រងឡើងដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ និងអ្នកជំនាន់ក្រោយ។

ចំណែកនៅលើឆាកអន្តរជាតិវិញ រឿងរ៉ាវបាញ់សម្លាប់បណ្ឌិត កែម ឡី ធ្វើឲ្យខ្ទរខ្ទាររហូតដល់អង្គការសហប្រជាជាតិ និង ប្រទេស ធំៗជាច្រើននៅលើពិភពលោក។ សាររំលែកទុក្ខ និងការថ្កោលទោស បានធ្លាក់មកជាបន្តបន្ទាប់ ហើយកាល ពី ពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិក៏ បានជំរុញឲ្យ ស្វែងរក យុត្តិធម៌ជូនបណ្ឌិត កែម ឡី ថែមទៀត។

គេសង្កេតឃើញថា ក្រោយបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ ពលរដ្ឋ ជាពិសេសគឺយុវជន ហាក់ដូចជាមានស្មារតី ផុសផុលហ៊ានចេញមុខចូលរួមសកម្មភាពសង្គម និងប្រើប្រាស់សិទ្ធិបញ្ចេញមតិលើសមុនទៀតក៏ថាបាន។

ជាក់ស្តែង យុវជនដែលជាកូនសិស្សរបស់បណ្ឌិត កែម ឡី ឬត្រូវបានបណ្ឌិត កែម ឡី បណ្តុះបណ្តាលឲ្យធ្វើ ជាអ្នក វិភាគ វ័យក្មេងនោះ ពួកគេហាក់មិនមានការភ័យខ្លាចអ្វីឡើយ។ ពួកគេថែមទាំងប្ដេជ្ញាថា នឹងនៅបន្តសកម្មភាពរបស់បណ្ឌិត កែម ឡី បើទោះជាត្រូវអស់ជីវិតដូចគ្រូគេក្តី ក៏ពួកគេមិនរាថយឡើយ។

ចំណែកមនុស្សដទៃទៀតដែលជាមិត្តភ័ក្ដិ ឬដៃគូការងាររបស់បណ្ឌិត កែម ឡី ឬអ្នកធ្លាប់ចូលរួមសកម្មភាព ការងារជាមួយ បណ្ឌិត កែម ឡី អ្នកទាំងអស់នោះក៏មិនបានដកថយ ឬបញ្ឈប់សកម្មភាពការងាររបស់ពួកគេឡើយ។ ពួកគេនៅតែ ហ៊ាន ចេញ មុខធ្វើអត្ថាធិប្បាយ ផ្តល់នូវការវិភាគរិះគន់នូវភាពមិនប្រក្រតីក្នុងសង្គម ដូចដែលពួកគេបានធ្វើកន្លងទៅ។ សកម្មភាព ទាំង នេះហាក់ឆ្លុះបញ្ចាំងទៅនឹងបណ្ដាំរបស់បណ្ឌិត កែម ឡី ដែលបានផ្ដាំឲ្យអ្នកគាំទ្រគោរពស្រឡាញ់លោក ឲ្យជូតទឹកភ្នែក របស់អ្នក  រួចបន្តដំណើរទៅមុខទៀត។

ការចូលរួមរបស់ពលរដ្ឋក្នុងពិធីបុណ្យសព និងដង្ហែសពបណ្ឌិត កែម ឡី យ៉ាងច្រើនកុះករ ជាសក្ខីភាពបង្ហាញថា ពលរដ្ឋគាំ ទ្រទស្សនៈបណ្ឌិត កែម ឡី និងការងាររបស់លោក ដែលបានធ្វើកាលពីពេលលោកនៅមានជីវិត។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *