ការកសាងក្រុងលង្វែក

building-longvek

ក្រុងលង្វែក គឺជាអតីតរាជធានីខ្មែរ និងជាបន្ទាយដ៏រឹងមាំមួយក្រោយសម័យអង្គរ។ នៅជុំវិញរាជធានីនេះ មានដាំដើមឫស្សី កម្រាស់ជាង ១០០ម៉ែត្រ សម្រាប់ធ្វើជារបាំងការពារ។ រាជធានីលង្វែក ត្រូវបានរៀបចំចាត់អោយកសាងឡើង ដោយព្រះបាទ ច័ន្ទរាជា បន្ទាប់ពីព្រះអង្គវាយឈ្នះស្ដេចកន និងដណ្ដើមរាជ្យបានមកវិញ។

ព្រះបាទច័ន្ទរាជា ក្រោយពីបានសម្រេចការសង្គ្រាមលើស្ដេចកនបានហើយ ព្រះអង្គទ្រង់គង់នៅបន្ទាយជ័យ ខេត្តពោធិ៍សាត់ ដដែល។ ប៉ុន្តែមិនយូរប៉ុន្មាន គឺដល់ឆ្នាំ១៥២៧ ព្រះអង្គទ្រង់ចេញបញ្ជាអោយមន្ត្រីជំនាញរបស់ព្រះអង្គមួយចំនួន មានឧកញ៉ា ពិភ័ក្ត្រឥស្សរា ឧកញ៉ា រក្សាឥស្សរោ ជាមេការ ឧកញ៉ា ពិភ័ក្ត្រទិព្វរាជ ឧកញ៉ា ស្រីសុមេធរាជាធិបតីបែន ក្រុមសុរិយោដី រៀបចំ កសាងព្រះរាជវាំងក្រុងលង្វែក ជាទីដែលព្រះអង្គទ្រង់យល់ថាមានជ័យភូមិល្អ ព្រោះជាចំណុចយុទ្ធសាស្ត្រមួយស្រួល ការពារ ខ្លួន ត្បិតនៅជិតនោះមានព្រៃមានទន្លេ និងមានបឹងទៀតផង។

រាជធានីថ្មីនេះ ត្រូវសាងឡើងដោយហ្មត់ចត់អស់រយៈពេលបីឆ្នាំ ដែលមានរាង  ៤ជ្រុងទ្រវែង   ទទឹងប្រវែងពីរគីឡូម៉ែត្រ បណ្តោយជិតបីគីឡូម៉ែត្រ មានលើកជាទំនប់ច្រុះក្ដារ ធ្វើជាបន្ទាយកម្ពស់ ១៧ហត្ថ ខ្នងលើ ១០ហត្ថ ជើងទេ ២២ហត្ថ “ព័ទ្ធជាបីជ្រុង” ខាងមុខមានព្រៃ បឹង និងទន្លេ មានគូទឹក និងដាំឫស្សីយ៉ាងក្រាស់ជារបងកម្រាស់ជាង ១០០ម៉ែត្រព័ទ្ធជុំវិញ មានទ្វារធំប្រាំបីដែលមានសើន គឺលើកដីជាទួលខ្ពស់កម្ពស់ ២២ហត្ថ សម្រាប់ដាក់កាំភ្លើងធំគ្រប់ទ្វារទាំងប្រាំបី ហើយនៅទិស ទាំង៤ មានសើនកម្ពស់ ២៥ហត្ថ សម្រាប់ដាក់កាំភ្លើងធំដូចគ្នាដែរ។

នៅក្នុងក្រុងថ្មីដែលជាបន្ទាយដ៏រឹងមាំនេះ មានសាងរោងដំរី បន្ទាយសេះ បន្ទាយទាហាន កាំភ្លើងធំតូច ទាហានថ្មើរជើង និងជើងទឹក ព្រមទាំងឃ្លាំងអាវុធយុទ្ធភណ្ឌ និងស្បៀងអាហារសព្វបែបយ៉ាង។ នៅកណ្ដាលក្រុងថ្មីនេះ មានសាង ព្រះរាជ វាំងដែលមានកំផែងច្រើនជាន់ មានប្រាសាទ មានព្រះរាជមន្ទីរតូចធំ សុទ្ធតែមានចម្លាក់រចនាបិទមាសឱភាសឆ្អិនឆ្អៅ មាន ស្រះ និងសួនច្បារដ៏ប្រណិតទៀតផង។ នៅខាងទិសឦសាននៃព្រះរាជវាំងនេះ ព្រះរាជាទ្រង់អោយតាំងឃ្លាំងមឿង គឺអ្នកតា ចាស់ស្រុកជាម្ចាស់ទឹកដីនៅទីនោះផង។ ថ្ងៃក្រោយមកទៀត ព្រះអង្គទ្រង់បានសាងវត្តត្រឡែងកែង នៅក្នុងបន្ទាយលង្វែក នេះទៀត ដែលតាមជំនឿបន្តគ្នាមកថា ជាវត្តដ៏ពូកែស័ក្តិសិទ្ធិ ដោយមានព្រះពុទ្ធរូបបួនព្រះអង្គទ្រង់ឈរកម្ពស់ ១៨ហត្ថ ព្រះ ភ័ក្ត្របែរទៅទិសធំទាំងបួន ឯព្រះបិដ្ឋិ ឬព្រះប្រឹស្ឋ គឺខ្នងទល់គ្នា។

ព្រះបាទទាំងប្រាំបីនៃព្រះពុទ្ធរូបទាំង ៤ព្រះអង្គនេះ ដែលមានប្រវែងនីមួយៗ ១ម៉ែត្រ៤០ ត្រូវបានសាងឡើងដោយបានមក ពីផ្ទាំងថ្មមួយផ្ទាំងធំកម្រាស់ ២ហត្ថ ទំហំ ៥ហត្ថបួនជ្រុង ដែលតាមការនិយាយតៗគ្នាមកថា ថ្មនេះទើរលើបង្កៀបមែកឈើ ទាលធំអស្ចារ្យមួយដើមតាំងពីបរមបូរាណព្រេងនាយមក នៅភូមិឈើទាលប្រឱប ជាព្រំខេត្តសំរោងទង និងខេត្តលង្វែក នេះ ដែលព្រះអង្គច័ន្ទរាជា ទ្រង់បានទតឃើញផ្ទាល់ព្រះអង្គ។ ឯតួអង្គព្រះពុទ្ធបដិមាទាំង ៤ព្រះអង្គ បានមកពីដើមឈើទាល ដែល មានផ្ទាំងថ្មទើរលើមែកឈើ ហើយដែលតាមបណ្ដាំអ្នកកាន់សីល ឬបង់បត់ឈ្មោះពញាដែក បានទូលព្រះអង្គថា ជារបស់វិ សេសនោះ។

រាជធានីលង្វែក គឺជាបន្ទាយដ៏រឹងមាំ និងជាឃ្លាំងវប្បធម៌ដ៏រុងរឿងបំផុតនាសម័យក្រោយអង្គររបស់ប្រទេសកម្ពុជា។ ឯកសារ ខ្លះបញ្ជាក់ថា នៅកណ្ដាលរាជធានីនេះ គេបានសាងបដិមាព្រះភគណេស ដ៏ធំ “ខ្លួនមនុស្សក្បាលដំរី” ដែលជាអាទិទេព តំណាងខាងអក្សរសាស្ត្រ និងវិទ្យាសាស្ត្រ ទុកជាអ្នកតារក្សាក្រុង។ ម៉្យាងទៀត មានការនិយាយតៗគ្នាថា នៅក្នុងបន្ទាយ លង្វែក នេះ គេបានតម្កល់បដិមាព្រះគោមួយអង្គ និងព្រះកែវមួយអង្គ ដែលជាបងប្អូនបង្កើត ហើយដែលអ្នកស្រុកតែងតែ គោរពបូជា ដោយចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិរបស់ជាតិខ្លួនថែមទៀតផង។ ម៉្យាងទៀត គេក៏ជឿដែរថា គម្ពីរក្បួនច្បាប់ដែល សំខាន់បំផុតរបស់ជាតិ ត្រូវគេយកមករក្សាទុកក្នុងពោះព្រះគោនោះឯង។

នៅឆ្នាំ១៥២៩ ក្រោយពីបានសាងបន្ទាយលង្វែក ព្រះរាជវាំង រាជដំណាក់តូចធំ ចប់សព្វគ្រប់ហើយ ព្រះបាទខត្តិយាមហា ច័ន្ទរាជា ទ្រង់យាងចេញពីបន្ទាយជ័យ ខេត្តពោធិ៍សាត់ មកគង់នៅរាជធានីថ្មី គឺបន្ទាយលង្វែក នេះ រហូតដល់ទីបញ្ចប់ នៃ ព្រះជន្មាយុរបស់ព្រះអង្គក្នុងឆ្នាំ១៥៦៦ នៃគ្រិស្ដសករាជ៕

Leave a Reply

Your email address will not be published. Required fields are marked *