ក្រសួងទេសចរណ៍ចង់ឲ្យអាជ្ញាធរក្រុងភ្នំពេញយកផ្លូវមាត់ទន្លេមុខព្រះបរមរាជវាំង ដល់ប៉ុស្តិ៍ប្រៃសណីយ៍ម្ដុំរមណីយដ្ឋានវត្តភ្នំ ជាផ្លូវ….

street-in-front-of-royal-palace

 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចង់ឲ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំផ្លូវមាត់ទន្លេពីមុខព្រះបរមរាជវាំង ដល់ ប៉ុស្តិ៍ប្រៃសណីយ៍ម្ដុំរមណីយដ្ឋានវត្តភ្នំ ជាផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ តុលា ថា ជំហានដំបូងសាលាក្រុងគួរ រៀបចំឲ្យមាននៅចុងសប្ដាហ៍គឺថ្ងៃសៅរ៍ និងអាទិត្យសិន មុននឹងរៀបចំឲ្យមានជារៀងរាល់ថ្ងៃ ដូចនៅខេត្តសៀមរាប ក្នុងតំបន់ ផ្សារចាស់ ផាប់ស្ទ្រីត (Pub Street)។

លោកថោង ខុន បន្តថា ផ្លូវថ្មើរជើងសម្រាប់ទេសចរណ៍នេះ គឺលោកចង់ឲ្យមាននៅគ្រប់រាជធានី-ខេត្តតែម្ដង ដើម្បីបម្រើការ កម្សាន្តដល់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសខេត្តទេសចរធំៗ ដូចជាខេត្តព្រះសីហនុជាដើម។

ឆ្លើយតបនឹងការចង់បាននេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានឲ្យដឹងដែរថា  នេះជាសំណើ ល្អ ហើយអាជ្ញាធរនឹងរៀបចំជាជំហានៗ ដើម្បីរៀបចំផ្លូវសម្រាប់ថ្មើរជើងនេះនៅពេលខាងមុខក្រោយពីមានសំណើផ្លូវការ ពី ក្រសួងទេសចរណ៍។

លោក បន្តទៀតថា បច្ចុប្បន្នតាមបណ្ដោយផ្លូវមាត់ទន្លេចាប់ពីមុខព្រះបរមរាជវាំងដល់ម្ដុំប៉ុស្តិ៍ប្រៃសណីយ៍នេះ អាជ្ញាធរបាន យក ចិត្តទុកដាក់រៀបចំឲ្យមានសោភ័ណភាពល្អប្រសើរហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា អ្វីដែលត្រូវការ ចាំបាច់នោះ គឺទីតាំងចំណតយានយន្ត៕

 

Leave a Reply

Your email address will not be published. Required fields are marked *