អាមេរិក ចង់ឃើញបរិយាកាសអំណោយផលល្អគ្រប់គណបក្សនយោបាយនៅកម្ពុជា

daniel-r-russel

 

លោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានមក បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាល គណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល។

លោកថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់ទស្សនកិច្ចនៅរសៀលថ្ងៃព្រហស្បតិ៍នៅឯស្ថានទូតអាមេរិកប្រចាំ កម្ពុជាលោក Russel បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជានិងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសបានចែងថា កម្ពុជាគឺជា ប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយលោករំពឹងថា កម្ពុជា នឹងដើរតាមគោលការណ៍នេះ។

«យើងសង្ឃឹមជាខ្លាំងថា កម្ពុជានឹងដំណើរការដោយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គ្មានចម្ងល់ទេដែលថាយើងចង់ ឃើញបរិយាកាសមួយដែលគ្រប់តួអង្គនយោបាយ អាចធ្វើការឃោសនា និងប្រតិបត្តិការដោយសុវត្ថិភាព និងសេរីនៅ ទូទាំងប្រទេស»។

មេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាគឺលោក សម រង្ស៊ី និងលោក     កឹម សុខា ត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារក្នុងរឿងក្ដីផ្សេងៗគ្នា។

បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងស្ថិតនៅក្រៅប្រទេស ចំណែកឯលោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការកណ្ដាល គណបក្ស ដើម្បីគេចពីការប៉ុនប៉ងចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជា។

លើសពីនេះ កាលពីថ្ងៃទី១២ ខែតុលា អាជ្ញាធរកម្ពុជាបានចេញសេចក្ដីណែនាំមួយ ដោយស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកាន់ប្រទេសកម្ពុជា មិនត្រូវផ្ដល់សេវាដឹកជញ្ជូនដល់លោក សម រង្ស៊ី មកក្នុង ប្រទេសកម្ពុជា ឬក៏ត្រូវប្រឈមនឹងការបញ្ជាឲ្យយន្តហោះដែលដឹកលោក វិលត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។

Leave a Reply

Your email address will not be published. Required fields are marked *