ផ្សព្វផ្សាយសារគ.ជ.បធ្វើឲ្យ សមាជិកបក្សប្រឆាំងប៉ះសម្ដីគ្នាជាមួយចៅសង្កាត់ទន្លេបាសាក់
សមាជិកគណបក្សប្រឆាំង និងអាជ្ញាធរទន្លេបាសាក់ បានប៉ះទង្គិចគ្នាដោយពាក្យសម្ដីរយៈពេលខ្លី នៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកាហេតុការណ៍នេះកើតឡើងក្នុងពេលដែលអាជ្ញាធរសង្កាត់ទន្លេបាសាក់ព្យាយាមចុះរារាំងមិនឲ្យ សមាជិកបក្ស ប្រឆាំងចុះផ្សព្វ ផ្សាយសាររបស់ គ.ជ.ប ស្ដីពីការចុះឈ្មោះបោះឆ្នោត។
បន្ទាប់ពីតវ៉ាដ៏តឹងសរសៃកដាក់គ្នា គូវិវាទទាំងពីរភាគីបានដកឃ្លាម្នាក់មួយជំហានទៅវិញ ក្នុងយុទ្ធនាការរបស់ គណបក្ស ប្រឆាំងដែលចុះអប់រំសាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជី ឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០១៦។
លោក ណុប ប៊ុនហ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌចំការមន ឲ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ថា ការពិត សាររបស់ គ.ជ.ប ពុំមានអ្វីដែលនាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គមទេ ប៉ុន្តែលោកចាត់ទុកថា ការហាមប្រាមដោយអាជ្ញាធរ សង្កាត់ទន្លេបាសាក់នេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពជ្រុលហួសហេតុ។ ៖ “សម្រាប់ខ្ញុំគិតថា ធ្វើនេះដូចមិនត្រឹមត្រូវទេ។ បើសិនខ្ញុំចាក់ (សារ) ក្នុងនាមនិន្នាការគណបក្សនយោបាយណាមួយហ្នឹងខ្ញុំខុស។ ប៉ុន្តែខ្ញុំចាក់តែសាររបស់ គ.ជ.ប ឲ្យប្រជា ពលរដ្ឋបានដឹង។ ខ្ញុំចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ”។
ទាក់ទិនរឿងនេះ ចៅសង្កាត់ទន្លេបាសាក់ លោក ខាត ណារិទ្ធ ដែលរងការចោទប្រកាន់ថា បានចុះរារាំងសកម្មភាព ផ្សព្វផ្សាយសារស្ដីពីការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នេះ បកស្រាយថា យុទ្ធនាការរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងដោយពុំបានផ្ដល់ដំណឹងដល់អាជ្ញាធរជាមុន។ លោកបន្តថា ទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅថ្នាក់ក្រោមជាតិ មិនចង្អៀតចង្អល់ឡើយ ប៉ុន្តែស្នើសុំឲ្យភ្នាក់ងាររបស់គណបក្សនយោបាយផ្ដល់កិច្ចសហការផងជាមួយអាជ្ញាធរមូលដ្ឋាន៖ “គាត់ដាក់កម្មវិធីមកថា គាត់ត្រូវចុះថ្ងៃនេះ និងកន្លែងនេះអីជាដើម យើងអត់ធ្វើអីទេ យើងមានតែការពារគាត់ផង”។
គណបក្សប្រឆាំងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា សម្ភារៈយុទ្ធនាការចុះផ្សព្វផ្សាយសារ គ.ជ.ប រួមមាន រ៉ឺម៉កកងបី ១គ្រឿងភ្ជាប់ ដោយឧបករណ៍បំពងសំឡេង ដែលមានអ្នកជិះម្នាក់ផង។ ក្រៅពីនេះវិញ នៅមានអ្នកចែកប័ណ្ណព័ត៌មានដែលធ្វើ ដំណើរ ដោយថ្មើរជើងប្រមាណ ៧នាក់ទៀត។ មន្ត្រីគណបក្សប្រឆាំងឲ្យដឹងថា ការឃាត់ខ្លួនដោយចៅសង្កាត់ លោក ខាត ណារិទ្ធ នេះនៅម្ដុំភូមិ១៦ សង្កាត់ទន្លេបាសាក់ គឺនៅខាងមុខព្រឹទ្ធសភា។
លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា ការចុះអប់រំពលរដ្ឋដែលមានសិទ្ធិ ចុះ ឈ្មោះបោះឆ្នោតនេះ មិនខុសទាស់ ឬផ្ទុយពីច្បាប់បោះឆ្នោតទេ។ លោកបន្ថែមថា គ្រប់ភ្នាក់ងាររបស់បក្សនយោ បាយទាំង អស់អាចមានសិទ្ធិយ៉ាងទូលំទូលាយស្មើគ្នាក្នុងការផ្សព្វផ្សាយសារនេះ ក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត៖ “ផ្សព្វផ្សាយសារដែលផលិតដោយ គ.ជ.ប គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែអាចមានរឿងមិនត្រឹមត្រូវខ្លះកើតមានទន្ទឹមគ្នា ប្រសិនបើខ្វះការសហការរវាងអ្នកផ្សព្វផ្សាយ និងអាជ្ញាធរដែនដី”។