តុលាការកោះហៅ ភិក្ខុ ប៊ុត ប៊ុនតិញ អោយចូលបំភ្លឺជាលើកទី២ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦

srk

សាលាដំបូងរាជធានីភ្នំពេញ កោះហៅព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាលើកទី២ អោយចូលទៅបំភ្លឺក្នុងសំណុំរឿង បរិហារកេរ្តិ៍ ដែលប្ដឹងដោយប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។

លើកទី១ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីតប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មិនបានចូលបំភ្លឺតាម ដីកា និមន្តរបស់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ករណីបណ្ដឹងរបស់លោក ម៉ម សុណង់ដូ នេះទេ។

ករណីនេះព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានសរសេរនៅទំព័រហ្វេសប៊ុក (Facebook) ថា ព្រះអង្គសោកស្ដាយដែលព្រះរាជ អាជ្ញារងរូបនេះមិនបានប្រើពាក្យនិមន្តជំនួសអោយពាក្យអញ្ជើញនៅក្នុងដីកាកោះ។ ព្រះអង្គលើកឡើងទៀតថា ព្រះអង្គអាច នឹងបំភ្លឺតាមបណ្ដាញទំនាក់ទំនង វាត់ស្អាប់ (WhatsApp)។

លើកទី២  ព្រះរាជអាជ្ញារង លោក ស្រី ម៉ាកនី បានចេញដីកាកោះថ្មីមួយទៅអតីតប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយតម្រូវអោយព្រះអង្គចូលទៅបំភ្លឺ នៅព្រឹក ថ្ងៃទី៨ ខែធ្នូ វេលាម៉ោង៩។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្ដឹងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពីបទបរិហារ កេរ្តិ៍ដែលលោកចោទថា ព្រះអង្គ ប៊ុត ប៊ុនតិញ មូលបង្កាច់លោកថា ការបង្កើតគណបក្សថ្មីនេះ ដើម្បីផ្ចាញ់គណបក្ស សង្គ្រោះជាតិ  ដែលមិនឲ្យតំណែងតំណាងរាស្ត្រដល់លោក និងភរិយា។ លោកថា សម្ដីនេះប៉ះពាល់ដល់កិត្តិយសលោក គណបក្សលោក និងអ្នកគាំទ្រលោក។ ក្នុងសំណុំរឿងនេះ លោក ម៉ម សុណង់ដូ ទាមទារប្រាក់ជំងឺចិត្ត ១ម៉ឺនរៀល ដែល លោកថា ជានិមិត្តរូបពីព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៕

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទទួលស្គាល់ថា ព្រះអង្គពិតជាបានថ្លែងដូច្នេះមែន។ តែព្រះអង្គលើកឡើងថា នេះជាសេរីភាព បញ្ចេញមតិ។

 

Leave a Reply

Your email address will not be published. Required fields are marked *